គ្រួសារប៉ះពាល់ដោយកូវីដ-១៩ និងងាយរងគ្រោះចំនួន ២១៤គ្រួសារ បានទទួលអំណោយពី ឯកឧត្តម សុះ មុះសិន

បន្ទាយមានជ័យ៖ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងងាយរងគ្រោះ ចំនួន ២១៤គ្រួសារ នៅស្រុក.ក្រុងចំនួនបី ក្នុងខេត្តបន្ទាយមានជ័យ។ក្នុងពិធីនេះ អញ្ជើញចូលរួម ឯកឧត្តមអភិបាលខេត្ត លោកអភិបាលរងខេត្ត បន្ទាយមានជ័យ យុវជន ស.ស.យ.ក សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សមាជិក សមាជិកា នៃក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាខេត្ត ព្រមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។ អំណោយនេះ ត្រូវបានចែកជូនគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងងាយរងគ្រោះ នៅស្រុកមង្គលបូរីចំនួន៦០គ្រួសារ ក្រុងសិរីសោភ័ណចំនួន១០៥គ្រួសារ និងក្រុងប៉ោយប៉ែតចំនួន ៤៩គ្រួសារ។ឯកឧត្តម សុះ មុះសិន បានមានប្រសាសន៍ ថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តបន្ទាយមានជ័យ ដែលយកចិត្តទុកខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋបងប្អូនខ្មែរអ៊ីស្លាម ដែលជួបការលំបាកនាពេលកន្លងមក ដែលអាជ្ញាធរតែងតែជួយដោះស្រាយ មិនថា ពលរដ្ឋរងគ្រោះថ្នាក់ធម្មជាតិ ដូចខ្យល់កន្ត្រាក់ ទឹកជំនន់ ជាពិសេសទប់ស្កាត់ប្រឆាំងនិងជំងឺកូវីដ-១៩។ឯកឧត្តមថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយជាការគិតគូរខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ សម្តេចបានខិតខំគ្រប់បែបយ៉ាងដើម្បីជាវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋទូទាំងស្ទើតែគ្រប់១០០ភាគរយទៅហើយ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕ (ដោយ៖អ៊ុង ស៊ីម៉ាណាត)

 

Related Articles

Close