ប្រជាពលរដ្ឋខ្វះខាត៥០គ្រួសារ សម្រាកពីការងារនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃទទួលគ្រឿងឧបភោគ បរិភោគពីក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្វះខាត៥០គ្រួសារ ដែលសម្រាកពីការងារនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា.ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ទទួលគ្រឿងឧបភោគ បរិភោគពីក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ព្រះសង្ឃ និងសប្បុរសជន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ។


ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ លោក គង់ រិទ្ធា បានប្រាប់ថា សម្ភារ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកា គឺទទួលបានពីព្រះគ្រូអនុគណ និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ព្រះគ្រូចៅអធិការវត្តរតនសុខសាន្ត ព្រះគ្រូចៅអធិការវត្តសុវណ្ណពោធិសិលារាម លោកអាអាន និងសមាជិកសមាជិកាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត ដែលក្នុងមួយ១គ្រួសារទទួលបាន អង្គរ២៥គីឡូក្រាម ទឹកសុទ្ធ១ដប ទឹកស៊ីអ៊ីវ១ដប មី១កេស និងថវិកា ២០,០០០រៀល។


លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលខ្វះខាត ភាគច្រើនជាប្រជាពលរដ្ឋធ្វើការនៅតាមបន្ទាត់ជាយដែនប្រទេសថៃដែលទៅព្រឹកវិលល្ងាច តែដោយសាររយៈនេះ ការរីករាលដាលនៃជំងឺកូវីត១៩ ធ្វើឲ្យប្រទេសថៃគេដាក់ប្រទេសក្នុងភាពអាសន្ន ទើបធ្វើឲ្យច្រកព្រំដែនទាំងអស់ត្រូវបិទ មិនអាចឲ្យពួកគាត់ធ្វើការងារបាន ហើយត្រូវសម្រាកនៅតែផ្ទះ ទើបសមាគមចលនាយុវជនកម្ពុជា ដែលដឹកនាំដោយលោកផ្ទាល់ រួមទាំងព្រះសង្ឃ សប្បុរសជន យក សម្ភារ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកា ចែកជូនដើម្បីដោះស្រាយការលំបាកបានមួយគ្រា ក៏ដូចជាបានចូលរួមជួយចែករំលែកបន្ទុករាជរដ្ឋាភិបាលផងដែរ។


ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ ធ្វើអនាម័យ ការពារខ្លួន ស្តាប់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច ដែលបានចុះមកផ្សព្វផ្សាយអប់រំ ហើយបងប្អូនទើបមកពីប្រទេសជិតខាង ត្រូវរក្សាខ្លួនដាច់ដោយឡែកចំនួន១៤ថ្ងៃពីក្រុមគ្រួសារ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ផងដែរ៕(លោក ទឹម តុលា)

Related Articles

Close