ឈប់បត់ជើងតូចមួយភ្លែត ចោរកាច់.ក.ម៉ូតូ តែត្រូវប្រជាពលរដ្ឋចាប់ដាក់យ៉ាងចាស់ដៃ
(ភ្នំពេញ)៖ ស្រី្តម្នាក់ជិះម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ឈប់នៅលើចិញ្ចើមផ្លូវដើម្បីចុះទៅរកបត់ជើងតូចមួយភ្លែត តែជនសង្ស័យរួមនឹងបក្ខពួកចំនួនពីរនាក់បានធ្វើសកម្មភាពកាច់.ក.បំរ៉ុងយកម៉ូតូ តែចេះងាកក្រោយឃើញក្រុមចោរទាន់ ស្រែកឲ្យពលរដ្ឋជួយចាប់ ប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមាន ឈ្មោះ សំញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ សព្វថ្ងៃជួលបន្ទប់គេស្នាក់នៅភូមិសាមគ្គី ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីម្ចាស់ម៉ូតូ ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FP-2668 មកឈប់នៅចំណុចកើតហេតុខាងលើ ហើយក៍ចុះដើរទៅរកបត់ជើងតូច ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ដើរមកកាច់(ក)ម៉ូតូរបស់គាត់បម្រុងជិះយកទៅតែត្រូវបានគាត់ក្រឡេកឃើញទាន់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្បែរនោះជួយដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបានស្រមោល។
នៅកន្លែងកើតហេតុ គេឃើញមាន ការបូបស្ពាយ១និងដែកអក្សតេ សម្រាប់កាច់កម៉ូតូចំនួន១ និងពូថៅដៃ១ និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។ ក្រោយមកជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងស្រាវជ្រាវរកមុខសញ្ញាបក្ខពួកម្នាក់ទៀត៕