ពលករប្រុស.ស្រី២៣នាក់ លួចឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចព្រំដែនឃាត់ខ្លួននៅស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ ពលករប្រុស.ស្រី២៣នាក់ លួចឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចព្រំដែនឃាត់ខ្លួន នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាប់ព្រំដែនក្នុងបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាកាវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់នៅរសៀល ថ្ងៃទី ២៩ ខែវិច្ឆិកានេះថា ដោយអនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ ក្នុងការបង្ក្រាប និងទប់ស្កាត់នូវបទល្មើសផ្សេងៗពិសេស ការលួចឆ្លងដែនដោយខុសច្បាប់។ជារៀងរាល់ថ្ងៃលោកបានចាត់កម្លាំងសហការជាមួយ កម្លាំងយោធាសឹករងស្រុកម៉ាឡៃចុះត្បាតជាប្រចាំតាមបន្ទាត់ព្រំដែនលុះដល់ចំណុចប៉ាតង់ទឹក នៅទីតាំងឃាត់ពលករខាងលើ ក៏ប្រទះឃើញប្រជាពលរដ្ឋ ចំនួន២៣នាក់ មានស្រី ១៣នាក់ កុមារ៣នាក់ បម្រុងឆ្លងដែន ដោយ ខុសច្បាប់ ទៅប្រទេសថៃ។លោកសួង សៅ បញ្ជាក់ថា ពលករបម្រុងលួចឆ្លងដែនទាំង២៣នាក់នេះ បន្ទាប់ពីឃាត់ខ្លួន ត្រូវបានកងកម្លាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ក្រោយពីសាកសួររួចក៏បានប្រគល់ ពួកគាត់ ជូនផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ៖ ទឹម តុលា)

Tags

Related Articles

Close