នគរបាលជំនាញចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ឲ្យមានរបៀបរៀបរយ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

 

បន្ទាយមានជ័យ៖ កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ឲ្យមានរបៀបរៀបរយ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅម្តុំផ្លូវបំបែកកែងជ្រូកខ្វៃ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលផែនផ្នែកសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់ឲ្យដឹងថា៖​ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង លោកបានចាត់កម្លាំងជំនាញចុៈរៀបចំសណ្តាប់ធ្នាប់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋដែលយកចំនីផ្លូវ ក៏ដូចទ្រូងផ្លូវសាធារណៈ លក់ដូរ បង្កឲ្យមានបញ្ហាកកស្ទះ និងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសអាជីវករលក់ផ្លែឈើលើទ្រូងផ្លូវធ្វើចរាចរណ៍។

លោកវរសេនីយ៍ទោ បោន ភក្ត្រា បញ្ជាក់ថា៖​ នៅពេលចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយនៅតាមដងផ្លូវកែងជ្រូកខ្វៃ ឃើញមានតូបលក់ផ្លែឈើមួយកន្លែង យកទ្រូងផ្លូវសារធារណៈ ដាក់តាំងលក់ផ្លែឈើ ចំណុចកែងផ្លូវបំបែកជាបួន បង្កការកកស្ទះ ព្រោះផ្លូវនេះជាផ្លូវមមាញឹក ច្រើនតែកកស្ទះជារៀងរាល់ថ្ងៃ ដែលតូបខាងលើនេះ ជារបស់ឈ្មោះ ឌី យូហ័ង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលជំនាញ បានផ្ដែផ្ដាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួនតូច ដែលបានយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃ ហើយក៏បានហាមចាប់ពីថ្ងៃនេះតទៅត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយ មិនឲ្យដាក់លក់ដូរនៅលើផ្លូវសាធារណៈទៀតទេ ចៀសវាងការកកស្ទះផ្លូវ និងគ្រោះថ្នាក់ជាយថាហេតុ៕

Related Articles

Close