បញ្ចូនជនជាតិថៃប្រុស.ស្រី១១នាក់ ទៅកាន់ប្រទេសថៃវិញ និងហាមមិនឲ្យចូលប្រទេសកម្ពុជាចំនួន៥ឆ្នាំ
បញ្ចូនជនជាតិថៃប្រុស.ស្រី១១នាក់ ទៅកាន់ប្រទេសថៃវិញ និងហាមមិនឲ្យចូលប្រទេសកម្ពុជាចំនួន៥ឆ្នាំ
បន្ទាយមានជ័យ៖ បញ្ចូនជនជាតិថៃប្រុស.ស្រី១១នាក់ ទៅកាន់ប្រទេសថៃវិញ និងហាមមិនឲ្យចូលប្រទេសកម្ពុជាចំនួន៥ឆ្នាំ ដែលត្រូវបានធ្វើពិធីប្រគល់-ទទួល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។
មន្ត្រីនគរបាលដដែលបញ្ជាក់ថា៖ ដោយយោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕