អាជ្ញាធរក្រុងប៉ោយប៉ែត កាយទំនប់ទឹកបង្ហូរ បញ្ជៀសការជន់លិចក្នុងភូមិសុខសាន្ត
បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតយកគ្រឿងចក្រកាយទំនប់បើកបង្ហូរធ្លាក់មកផ្នែកខាងក្រោម ជំនន់ទឹកភ្លៀងជន់លិចភូមិនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ខាត់ ធា ចៅសង្កាត់និមិត្តបានប្រាប់ថា៖កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នៅភូមិសុខសាន្តក្រោយមានភ្លៀងមួយមេធំជំនន់ទឹកភ្លៀងបានជន់លិចភូមិសុខសាន្តប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដំណាំកសិកម្ម និងផ្លូវថ្នល់ បណ្តាលអោយប្រជាពលរដ្ឋជាច្រើនគ្រួសារ និងសិស្សនុសិស្សពិតជាជួបការលំបាកទៅសិក្សា។
លោកបានបញ្ជាក់ថា៖ ក្រោយជំនន់ទឹកភ្លៀងជន់លិចបានរាយការណ៍ជូនអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បាននាំយកគ្រឿងចក្រប្រភេទអ៊ែស្កាទ័រ១គ្រឿងកាយទំនប់ទឹកដែលមានមុខប្រមាណជិត៥ម៉ែត្របង្ហូរទំលាក់ទៅផ្នែកខាងក្រោមដើម្បីរំដោះទឹកបញ្ជៀសការលិចលង់ដល់ប្រជាពលរដ្ឋ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ជំនន់ទឹកភ្លៀងដែលជន់លិចផ្ទះសំបែងប្រជាពលរដ្ឋ និងដំណាំកសិផល និងផ្លូវផ្នល់បណ្តាលឲ្យប្រជាពលរដ្ឋជួបការលំបាកនៅពេលមានភ្លៀងធ្លាក់មួយមេធំកាលពីម្សិលមិញមួយយប់ដល់ភ្លឺហើយទឹកហូរធ្លាក់ពីអូរព្រំដែនចូលភូមិសុខសាន្តមួយចំណែកដែលទំនាបពេលនេះអាជ្ញាធរក្រុង/សង្កាត់បានយកគ្រឿងចក្រកាយទំនប់រំដោះទឹកហើយអាចរយះពេល២ទៅ៣ថ្ងៃស្រកអស់ធម្មតាវិញ៕