អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញផ្សារត្រីប៉ោយប៉ែត ដែលអាជីវករដាក់លក់រំលោភដីផ្លូវសារធារណៈ
បន្ទាយមានជ័យ៖ អនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីកែលំអសោភ័ណភាពក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ អាជ្ញាធរសង្កាត់អូរជ្រៅ និងអាជ្ញាធរសង្កាត់ប៉ោយប៉ែត បានចុះអប់រំដល់អាជីវករដែលដាក់លក់អីវ៉ាន់នៅលើផ្លូវសាធារណៈ ជុំវិញផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរបានណែនាំដល់អាជីវករលក់បន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿចាប់ហួយទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរ ត្រូវដាក់តាំងលក់ឲ្យផុតពីផ្លូវសារធាណៈ ដើម្បីឲ្យមានសណ្តាប់របៀបរៀបរយថែរក្សាអនាម័យឲ្យបានល្អ បញ្ចៀសការកកស្ទះចរាចរណ៍ និងធ្វើឲ្យក្រុងមានសោភ័ណភាព ។
លោក តាំង លីហេងសមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បានប្រាប់ឲ្យអាជីវករ ការចុះមករៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺជាអនុវត្តតាម សេចក្តីណែនាំ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀស ការដាក់តាំងលក់ទំនិញ រទេះចំណីអាហារ ការចតយាន្តជំនិះគ្រប់ប្រភេទលើដីផ្លូវសាធារណៈ ធ្វើឲ្យស្ទះចរាចរណ៍ បាត់បង់នូវសោភ័ណភាព និងរបៀបរៀបរយក្នុងក្រុង។ ដូច្នេះសូមបងប្អូនអាជីវករ ដែលដាក់តាំងលក់ទំនិញ រទេះកង់បីលក់ដូរនៅលើផ្លូវសាធារណៈ សូមចូលរួមជាមួយអាជ្ញាធរដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង មានសណ្តាប់ធ្នាប់ របៀបរៀបរយ មានអនាម័យបរិស្ថានល្អ និងធ្វើឲ្យទីក្រុងរបស់យើងកាន់តែមានសោភ័ណភាពល្អប្រសើរឡើង៕