កាក់វ៉ៃយកម៉ូតូ(ប្លន់) រត់គេចបាន៤ម៉ោង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់បាន
បន្ទាយមានជ័យ៖ ករណីកាក់យកម៉ូតូ(ប្លន់) រត់គេចបាន4ម៉ោង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់បាន03នាក់ ទាំងអ្នកយកម៉ូតូទៅបញ្ចាំ និងជនដៃដល់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធី នៅថ្ងៃទី25 ខែតុលា ឆ្នាំ2024។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជនសង្ស័យលួចមានស្ថានទំងន់ទោស(ប្លន់) 1.ឈ្មោះ វ៉ាត ពេជ្រ ភេទប្រុស អាយុ40ឆ្នាំ ជនជាតិខ្មែរ, 2.ឈ្មោះ សេក ឆៃយ៉ា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ, 3.ឈ្មោះ កាក់ បាវ ភេទប្រុស អាយុ41ឆ្នាំ ជនជាតិខ្មែរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងបន្តថា៖ បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ អឹម លក្ខិណា ភេទស្រី អាយុ 33ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី លួចមានស្ថានទម្ងន់ទោស(ប្លន់) ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា ឃាត់ខ្លួនបានជនសង្ស័យ03នាក់ខាងលើ ជាបន្តបន្ទាប់ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង23និង30នាទី ថ្ងៃទី23 ខែតុលាឆ្នាំ2024 ក្រោយពេលធ្វើសកម្មភាពត្រឹមរយៈពេល4ម៉ោងប៉ុណ្នោះ។
ជនសង្ស័យក្រោយពេលធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)ទាំង03នាក់។ កម្លាំងបានកសាងសំណុំរឿងបញ្ជូនបន្តទៅកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវប្រគល់ជូនម្ចាស់ដើមវិញ៕