កម្លាំងកងរាជអាវុធហត្ថចាប់ ក្មេងទំនើងកាប់គ្នានៅក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថចាប់ក្មេងទំនើង០៩នាក់ដេញវាយកាប់ចាក់គ្នានៅក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយពីកម្លាំងទទួលបានព័ត៌នេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងជាបន្តបន្ទាប់ចំនួន០៩នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់ ដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកទីបប្រវែង១៥៥សង់ទីម៉ែត ចំនួន០១ដើម, ដំបងដែកថ្នាំងឣំពៅប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន០១ដើម, និងដែកចង្រឹងបង្អួច ចំនួន០១ដើម, នាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។
លោក វរសេនីយ៍ត្រី នួននី ណារ៉ូ បានបញ្ជាក់ថា៖ តាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង០៩នាក់ កាលពីម៉ោង២២និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែមានមនុស្សមួយក្រុមបានមករករឿង និងបក្សពួកខ្លួននៅស្តង់ឣេតចាយ ដោយពួកគេមានទាំងកាំបិត ដំបង ថែមទាំងគប់ដុំថ្មចូលក្នុងស្តង់ឣេតចាយផងដែរ។ ពេលនោះពួកខ្លួនក៏បានគប់ដុំថ្មតបតវិញ បង្កឱ្យកើតឣំពើហិង្សាវាយកាប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួសទាំងសងខាង បន្ទាប់មកក្រុមនោះក៏បានរត់ចោលម៉ូតូ ពេលនោះពួកគេបានយកកាំបិតកាប់ម៉ូតូចំនួន១កាំបិតតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹទៀតងថា ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី៕