អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់ផ្តើមជួសជុលផ្លូវឡើងវិញបន្ទាប់ពីរងការខូចខាតកាលពីរដូវភ្លៀង
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរសង្កាត់.ក្រុងប៉ោយប៉ែត ចាប់ផ្តើមជួសជុលផ្លូវឡើងវិញបន្ទាប់ពីរងការខូចខាតកាលពីរដូវភ្លៀងកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។
លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់ថា បន្ទាប់ពីរដូវភ្លៀងបានកន្លងផុតទៅ ជាណែនាំពីឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកបានដឹកនាំក្រុមការងារយកគ្រឿងចក្រឈូសឆាយជួសជុលផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។
លោក វ៉ា ជឹមណារ៉េត បានបញ្ជាក់ថា ផ្លូវដែលរងការខូចខាតកាលពីរដូវភ្លៀងកន្លងមកនេះ ដោយសារមានរថយន្តធន់ធំៗ ដឹកសម្ភារៈផ្គត់ផ្គង់សំណង់ដែលកំពុងសាងសង់ បើកបរយ៉ាងច្រើនសន្ធឹកសណ្ធាប់ ដោយផ្លូវសើម ឬដក់ទឹក រថយន្តដឹកធ្ងន់ៗធ្វើឲ្យផ្លូវរងការខូចខាត ទាំងនេះដោយសារក្រុងប៉ោយប៉ែត កំពុងមានការរីកចំរើនខ្លាំង ផ្នែកសំណង់អគារ រីកដុះដាលច្រើន មានទាំងផ្ទះល្វែង បុរី ផ្ទះសំណាក់ សណ្ឋាគារ សំណង់ខ្ពស់ៗកំពុងសម្រុកធ្វើខ្លាំង ដោយសារការដឹកនាំប្រទេសដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការរីកចំរើន។
លោក វ៉ា ជឹមណារ៉េត បញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមការងារបានធ្វើការជួសជុលផ្លូវបេតុងមួយកន្លែងប្រវែង៣៥ម៉ែត្រ ទំហំ៨ម៉ែត្រ ស្ថិតនៅខាងជើងបុរីដួងចន្ទ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលមានការចូលរួមថវិកា ពីបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក បោន ប៊ិន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់អូរជ្រៅ ហើយអាជ្ញាធរ និងធ្វើការជួលជុលផ្លូវជាបន្តបន្ទាប់ដែលរងការខូចខាតកាលពីរដូវភ្លៀងកន្លងមក៕